ការសាងសង់សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនៃក្រុមហ៊ុន WORLDBRIEDGE INDUSTRIAL DEVELOPMENTS ដែលមានទំហំទឹកប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយ


សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 ដែលជាបណ្តុំ SME មុនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងឧស្សាហកម្ម ហើយសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0  នឹងចូលរួមយ៉ាងសំខាន់នៅក្នុងសកម្មភាពអភិវឌ្ឍន៍ និងលើកម្ពស់វិស័យ SME ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងៗ។

លោក ឧកញ្ញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​វើលប្រ៊ីដគ្រុប បានថ្លែងនៅ​ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​ចង្កោម​សហគ្រាសធុនតូច និងមធ្យម នៅព្រឹកថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០២០​​ បានឲ្យដឹងថា​ គម្រោងសាងសង់ បណ្ដុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ i4.0 នេះមានរយៈពេល៨ខែ ហើយនឹងបញ្ចប់ក្នុងចុងឆ្នាំ២០២១ ដោយចែងជា៧ផ្នែកសំខាន់ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យម ឬសហគ្រិននានា ឲ្យយល់ដឹងអំពីសារៈសំខាន់ក្នុងការ​បង្កើតជាចង្កោមខ្សែសង្វាក់ផលិតកម្ម​ពេញលេញ និង​ឆ្លើយតបឲ្យគ្នាទៅវិញទៅមក ​ដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ី នៅក្នុង WORLDBRIDGE I4.0 SME CLUSTER យើងនេះ។ តាមរយៈ​ការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធដែល​អាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូចនិងមធ្យមនេះ ​ខ្សែសង្វាក់ផលិតកម្មពិតជាអាចលើកស្ទួយ ផ្តល់តម្លៃ​ បង្កើត​ធនធាន ចំណេញពេលវេលា មានស្មារតីច្នៃប្រឌិតផលិតកម្ម និងការគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការចំណាយ​។

មិនតែប៉ុណ្ណោះ គម្រោងទាំងនេះ​អាចផ្តល់គុណប្រយោជន៍រួម​​​ ផ្តល់ការទ្រទ្រង់ដល់គ្នាទៅវិញទៅមក និងធ្វើឲ្យទំនាក់ទំនងក្នុងសហគមន៍​​​​កាន់តែល្អ ថែមទាំងអាច​ជួយជម្រុញឲ្យពលរដ្ឋចូលរួមក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញមានចំនួនកាន់តែច្រើន តាមរយៈការ​​​ផ្តល់​ហិរញ្ញប្បទានសមស្របតាមលទ្ធភាព ​ដែលមិនបង្កឲ្យមាន​ឱនភាព​ប៉ះពាល់​ដល់សង្គម ផ្ទុយទៅវិញវាអាចផ្តល់ឱកាសឲ្យពលរដ្ឋបន្តមានការរីកលូតលាស់សេដ្ឋកិច្ចគ្រួសារ​ និងសង្គមប្រកបដោយចីរភាព​​បានកាន់តែប្រពៃ។

លោក Nick Beresford អ្នកតំណាង​និវេសនដ្ឋាន អង្គការ​UNDP ប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើងដែរថា គំនិត​ផ្តួចផ្តើម​បង្កើត​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុនតូច និងមធ្យមវើលដ៏ប្រ៊ីដ ឧស្សាហកម្មជំនាន់ទី៤ នេះឡើង ជាការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព គិតគូរ​ពីផល​ប៉ះពាល់បរិស្ថាន ជាពិសេស វាគឺជាការ​អភិវឌ្ឍ​សម្រាប់យុវជន​ជំនាន់ក្រោយ ដែលធ្វើឲ្យ ប្រទេស​កម្ពុជា កាន់តែ​មានសមត្ថភាព​ប្រកួត​ប្រជែងលើ​ទីផ្សារ​អន្តរជាតិ។

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានមានប្រសាសន៏ថា  ៉សួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ ឧស្សាហកម្មជំនាន់ទី៤ គឺពិត​ជាសំខាន់ណាស់​ក្នុងការ​ប្រមូលផ្តុំ​នូវ SME ការគ្រប់គ្រង និងការជួយ​ជ្រោម​ជ្រែង​វិស័យ​មួយនេះ ឲ្យរីក​ចម្រើនឡើង​ប្រកប​ដោយចីរភាព ជាពិសេស​គឺការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់ ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឲ្យដើរទាន់​ទៅនឹង​តម្រូវការ​នៅ​លើទីផ្សារ​សកលលោក។

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា វាជារឿងល្អណាស់ដែលកម្ពុជាមានសួនបណ្ដុំសហគ្រាសនេះ ព្រោះវាអាចជួយដល់ម្ចាស់អាជីវកម្ម នៅទីតាំង បញ្ហាប្រឈមនានា ជាពិសេសគឺវាមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការជួយសហគ្រិននៅតែមួយកន្លែង។ ការសាងសង់សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនៅពេលនេះ វានឹងជួយដល់សហគ្រិននានា ក្នុងការពង្រឹងគុណភាពផលិតផល ហើយក៏អាចផលិតនូវផលិតផលប្រកួតប្រជែងជាមួយទីផ្សារបរទេសផងដែរ៕