ទឹក​ជំនន់​​ស្ទឹង​​ពោធិ៍សាត់​​ ដែលបង្ខំ​ឱ្យ​ជម្លៀស​​ប្រជាពល​រដ្ឋ​ជាង ១៨០​គ្រួសារ​​ទៅ​​ទី​ទួល​​សុវត្ថិ​ភាព​


​យ៉ាងហោចណាស់​ ប្រជាពលរដ្ឋ១៨០គ្រួសារ​នៅក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​ផលដំណាំ​ជាង៦០០ហិ​កតា ត្រូវ​លិចលង់​នៅក្នុង​ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​នៅក្នុង​ខេត្ត​នេះ។

របាយការណ៍​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ បង្ហាញថា ផ្ទះសម្បែង​ប្រជាពលរដ្ឋ១ ៦៣៥គ្រួសារ​នៅ​ក្រុង​ពោធិ៍សាត់ ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្ដៀង ត្រូវ​ទឹកជន់​លិចបន្ទាប់ពី​ទទួលរង​ទឹកភ្លៀង​ធ្លាក់២ថ្ងៃ​ជាប់​ៗគ្នា ដែល​បង្ក​ឱ្យកម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​ហក់​ឡើង​ដល់កម្រិត​ប្រកាស​អាសន្ន។

បើ​តាម​របាយការណ៍ ប្រជាពលរដ្ឋ១៨០គ្រួសារ​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំក្រវាញ ភាគ​ខាងត្បូង​ក្រុង​ពោធិ៍សាត់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ទឹកជំនន់​ហក់​ឡើង​លឿន​នៅ​ស្ទឹង​ពោធិ៍សាត់ បាន​ជន់​លិច​ផលដំណាំ​ប្រជាពលរដ្ឋ៦០១ហិ​កតា​នៅក្នុង​ឃុំ​-សង្កាត់​ចំនួន១៩។

ទន្ទឹមគ្នា​នេះ ទឹកជំនន់​ក៏បាន​បំផ្លាញ​ស្ពាន​ចំនួន៤និង​ផ្លូវ​ចំនួន២០ខ្សែ​ នៅក្នុង​ក្រុងនិង​ស្រុក​ចំនួន៤របស់​ខេត្ត​នេះ ប៉ុន្តែគ្មាន​តួលេខ​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្សបាន​កើតឡើង​នោះ​ឡើយ។

ប្រធានមន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់ លោក កែវ វ័យ បាន​ប្រាប់​បន្ថែម​ថា កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​នៅ​ស្រុក​ភ្នំក្រវាញ បាន​ថម​ថយ​បណ្ដើរ​ៗហើយបន្ទាប់ពី​ទឹកភ្លៀង​ឈប់​ធ្លាក់​ចាប់តាំងពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ។

កម្ពុជា​បាន​ទទួលរង​ទឹកភ្លៀង​ធ្លាក់​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ចន្លោះ​ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ ខែកញ្ញា ដោយសារតែ​ឥទ្ធិពល​នៃ​ព្យុះ​នូល​ដែល​បាន​បោកបក់​មក​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន និង​គ្រប់​ដណ្ដប់​មក​លើ​ថៃ ឡាវ និង​វៀតណាម​ផង​ដែរ​៕

កាលពីថៃ្ងទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥:០០នាទីល្ងាច ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍ដូចខាងក្រោម ៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៥.៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
-សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៧៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
-សឹ្ទងវាលវែង កម្ពស់ទឹក ២.០០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។

២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ក្រុង នៅនឹង
-សឹ្ទងក្រវាញ ចាប់ផ្តើមស្រក ០.៣៧ម៉ែត្រ