ប្រធានសេតវិមានអាមេរិកសង្ឃឹមថា នឹងទទួលបានដំណឹងល្អពីវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗ


(វ៉ាស៊ីនតោន)៖ នាយអគ្គសេនាធិការសេតវិមាន លោក Mark Meadows បាននិយាយថា លោកផ្ទាល់មានសង្ឃឹមថា អាចនឹងទទួលបានដំណឹងល្អពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ក៏ដូចជាឱសថព្យាបាលនានា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈស្ថានការណ៍ឆ្លងនៅតែមានសភាពអាក្រក់ដដែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

លោក Mark Meadows បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Moderna កាលពីពេលថ្មីៗនេះ បានឱ្យដឹងថាខ្លួនទទួលបានកញ្ចប់ថវិកាបន្ថែមចំនួន៤៧២លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលមួយដ៏សំខាន់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Meadows បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសង្ឃឹមថាអាចនឹងមានរបកគំហើញបច្ចេកវិទ្យាថ្មី មួយចំនួនលើការព្យាបាល និងវ៉ាក់សាំង នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers សហរដ្ឋអាមេរិកនៅតែជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនដាច់គេ គឺ៤.៣លាននាក់ ក្នុងនោះស្លាប់ ១៤៩,៨៤៩នាក់ និងជាសះស្បើយឡើងវិញ ២.០៩លាននាក់ ខណៈមនុស្ស៥៤.២លាននាក់ បានទទួលការធ្វើតេស្ត