(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រដល់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ កាត់បន្ថយ និងព្យាបាលជំងឺរលាកសួតប្រភេទថ្មី COVID-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប បានចូលរួមបរិច្ចាគជាថវិកាចំនួន 10មុឺនដុល្លារសហរដ្ឋអាមេរិកជាចំណែកមួយជួយដល់សង្គមជាតិ!
សូមបងប្អូនជនរួមជាតិទាំងអស់គ្នា តាំងស្មារតីដេីម្បីពុះពារនូវឧបសគ្គមួយនេះ ដោយការចូលរួមការពារខ្លួន រក្សាអនាម័យ ជៀសវាងការជួបជុំផ្សេងៗ ញុំាអាហារចម្អិនឆ្អិន ហាត់ប្រាណ និងសម្រាកឲបានគ្រប់គ្រាន់!
ក្រុមហ៊ុនសូមជូនពរឲប្រជាជនកម្ពុជា និងប្រជាសកលជួបតែសំណាងល្អ សុខភាពល្អ សុខសុវត្ថិភាពគ្រប់ពេលវេលា!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ ដែលបានចូលរួមវិភាគទាននៃទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងលិខិតដែលចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ថា ប្រជាជនកម្ពុជាពិតជាមានមោទនភាពដោយសារមានប្រពៃណីសាមគ្គីភាពជួយគ្នាទៅវិញទៅមក ដែលកំពុងតែលេចធ្លោនាពេលបច្ចុប្បន្ន តាមរយៈការផ្ដល់ជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ជំនួយជាទឹកប្រាក់ចំនួន 100.000ដុល្លារអាមេរិក ដែលលោកឧកញ៉ា និងលោកជំទាវ បានផ្ដល់ជូនរាជរដ្ឋាភិបាលនាពេលនេះ គឺនឹងត្រូវបានប្រើប្រាស់ក្នុងបុព្វហេតុដ៏ថ្លៃថ្លាគឺ សង្គ្រោះនិងការពារសុខភាព និងជីវិតប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះទឹកចិត្តសប្បុរសដ៏គួរឲ្យសរសើរសូមជូនពរចំពោះលោកឧកញ៉ា និងលោកជំទាវ មានសុខភាពល្អ ជៀសផុតពីជម្ងឺបៀតបៀនគ្រប់បែបយ៉ាង»៕