ទ្រូម៉ាន់នីបង្កើតកម្មវិធី ស្រឡាញ់ការសិក្សា ស្រឡាញ់សាលារៀន


កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានចូលរួមសកម្មភាពសង្គមយ៉ាងសស្រាក់ស្រស្រាំតាមរយៈការចុះជួយដោយផ្ទាល់ដល់សាលាបឋមសិក្សាក្រឡាញ់ ដែលស្ថិតក្នុងស្រុកកំពង់ត្រឡាច​ ខេត្ត កំពង់ឆ្នាំង។ ដោយក្នុងនោះមានការចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរស្រុក ឃុំ ​ភូមិ លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សផ្ទាល់តែម្តង។ក្រុមគ្រួសារក្រុមហ៊ុនទ្រូម៉ាន់នីទាំងមូល​ បានផ្តល់ការអប់រំបន្ថែមនិងផ្តល់ភាពសប្បាយរីករាយដល់សិស្សានុសិស្ស ជាមួយនឹងកម្មវិធីផ្សេងៗរួមមាន ៖ ការបង្ហាញពីទំលាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ បង្រៀនពីអនាម័យមាត់ធ្មេញ លំហាត់ប្រាណ របៀបលាងសម្អាតដៃមុននិងក្រោយពេលទទួលទានអាហារ លេងល្បែងកម្សាន្តបែបកុមារ បង្រៀនកុមារអោយចេះរៀបចំខ្លួនតាមរយៈការស្លៀកពាក់អោយបានសមរម្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានផ្តល់នូវការឧបត្ថម្ភជាច្រើនជូនដល់សាលារៀនដូចជា៖ ការលាបថ្នាំអាគារសិក្សាឡើងវិញ លាបថ្នាំសួននិងដាំផ្កាឡើងវិញ ផ្តល់គ្រឿងឧបភោគបរិភោគ សំភារៈសិក្សា រួមទាំងទទួលទានអាហារពេលថ្ងៃជុំគ្នាយ៉ាងសប្បាយរីករាយ។

ជាការពិតណាស់ បន្ទាប់ពីបានចូលរួមសកម្មភាពទាំងនេះរួច ពួកយើងទាំងអស់គ្នាពិតជាបានទទួលនូវបំនិនជីវិតថ្មីៗជាមួយនឹងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន។

ក្រុមហ៊ុនទ្រូម៉ាន់នីនឹងបន្តចូលរួមសកម្មភាពសង្គមតាមរយៈរូបភាពផ្សេងៗនាឳកាសក្រោយៗទៀត។