មនុស្សជាង ១០០នាក់ បានស្លាប់ ដោយសារទឹកជំនន់នៅ អាហ្វហ្គានីស្ថាន


អន្តរជាតិ ៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Parwan ប្រទេសអាហ្វហ្គានីស្ថាន បានធ្វើឱ្យមានសំណង់ផ្ទះប្រជានជនប្រមាណជាង ៥០០ខ្នង បានខូចខាត និងបានសម្លាប់ជីវិតប្រជាជនជាង​ ១០០នាក់។

អ្នកនាំពាក្យខេត្តលោក Waheeda Shakar បាននិយាយថា កុមារជាច្រើនត្រូវបានរងគ្រោះ ស្លាប់ ឬបានបាត់ខ្លួន។ អ្នកសារព័ត៌មានក្នុងតំបន់នោះបាននិយាយថា ប្រជាជននៅតំបន់នោះ បានប្រាប់ពួកគាត់ថា បងប្អូន និងកូនរបស់ពួកគេបានបាត់ខ្លួន។

កសិករម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា គ្រួសាររបស់គាត់ចំនួន ១១នាក់ត្រូវបានស្លាប់ដោយសារទឹកជំនន់នោះ ហើយជនរងគ្រោះម្នាក់អាយុ ៧០ឆ្នាំ បាននិយាយថា “នៅពេលទឹកជំនន់នោះបានបោកបក់មក ខ្ញុំបានតោងបង្អួចផ្ទះរបស់ខ្ញុំជាង ២ម៉ោង រហូតដល់អ្នកជិតខាងរបស់ខ្ញុំមកជួយសង្គ្រោះ។

ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ចេញបទបញ្ជាឱ្យផ្តល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ ដែល​កំពុងត្រូវការចំនីអាហារ និងទីជំរក។

សូមបញ្ជាក់ថា នៅដើមខែសីហានេះ មានមនុស្ស ១៦នាក់ ភាគច្រើនជាកុមារ

បានស្លាប់ដោយសារទឺកជំនន់ ដែលបានបោកបក់ នៅក្នុងខេត្ត Nangarhar ភាគខាងកើតនៃប្រទេស អាហ្វហ្គានីស្ថាន៕