លំនៅឋានជិត ៧០០ខ្នង នៃគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល បានប្រគល់ជូនអតិថិជនតាមការសន្យា


ការ​ប្រគល់​លំនៅ​ឋាន​លើក​ដំបូង​នេះ ក៏​មាន​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ដែល​មក​ពី​ទូត​ចំនួន​បួន រួម​មាន ទូត​អា​មេ​រិ​ក ទូត​បារាំង ទូត​សិង្ហ​បុរី ទូត​ឥណ្ឌូ​នេ​ស៊ី មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គណៈ​អភិបាល​ខេត្តកណ្តាល រួម​ទាំង​អាជ្ញាធរ​ខេត្តកណ្តាល​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​។ ប្រជាពលរដ្ឋ ដែល​បាន​ទិញ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ ម្នាក់​ៗ​សុទ្ធតែ​មាន​ទឹកមុខ​រីករាយព្រោះថាបាន​រង​ចាំ​អស់​រយៈពេល​ជិត​២​ឆ្នាំ ដើម្បី​បាន​លំនៅ​ឋាន​សមរម្យ​មួយ​សម្រាប់​រស់នៅ​។

អ្នកស្រី កែវ ធឿ​ន អតិថិជនទិញផ្ទះនៅទីក្រុងរណបសិរីមង្គល

 

 

អ្នកស្រី កែវ ធឿ​ន ជា​មន្ត្រី​យោធា​ដែល​ចូល​និវត្តន៍ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពេលវេលា​មួយ​ដែល​គាត់​បាន​រង​ចាំ​យូរ​មក​ហើយ ដើម្បី​បាន​ផ្ទះ​មួយ​រស់នៅ​សមរម្យ​នឹង​គេ​។​អ្នកស្រី​បន្ត​ថា​«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ព្រោះ​មានផ្ទះ​ផ្ទាល់​ខ្លួនឯង ហើយ​ខ្ញុំ​គិត​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល​នេះ វា​សមរម្យ​សម្រាប់​ខ្ញុំ ព្រោះ​កូន​ៗ​ខ្ញុំ​សុទ្ធតែ​មាន​ចំណូល ដូច្នេះ​វា​ធូរ​ជាង​នៅផ្ទះ​ជួល​»​។

 

មិន​ខុស​គ្នា​នោះ​ទេ លោក នូ សុ​ផា​នី ជា​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់ផ្ទះ​លេខ​១៨ ផ្លូវ​១F​ក្នុង​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ក្នុង​ជំហាន​ទី​១ ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា គាត់​មាន​ទឹកចិត្ត​រីករាយ​នៅ​ពេល​ដែល​បាន​មក​ទទួល​កូនសោ ដោយ​រំពឹង​ថា នឹង​អាច​ចូល​ស្នាក់​នៅ​ឆាប់​ៗ​នេះ ពីព្រោះ​ថា​ថ្វី​ត្បិត​តែ​ផ្ទះ​នេះ​ធ្វើ​រួចរាល់​មែន តែ​មិន​ទាន់​បាន​សម្អាត​ទេ​។​លោក​ថា​«​ល្អ​ដែរ ព្រោះ​យើង​មិនសូវ​មាន​លុយកាក់ អ​ញ្ចឹ​ង​យើង​ទិញ​ទៅ​យើង​បង់​រំលស់ យើង​មាន​លទ្ធភាព​បង់​ត​ៗ​ទៅ ឥឡូវ​ដាច់​ហើយ​៣០%​ហ្នឹង  នៅ​សល់​៧០%​ទៀត យើង​ត្រូវ​បង់​ត​ជាមួយ​ធនាគារ ប៉ុន្តែ​ធនាគារ គេ​បាន​ទំលាក់​លុយ​អោយ​រួច​ហើយ អ​ញ្ចឹ​ង​គេ​អោយមក​មើល​ផ្ទះ អ​ញ្ចឹ​ង​ផ្ទះ​ហ្នឹង​បាន​ស្អាត​ហើយ គ្រាន់តែ​ថា មិន​ទាន់​ស្អាត​១០០% នៅ​អោយ​ខាង​ក្រុមហ៊ុន​ជួយ​សម្អាត​ថែម​ទៀត ទើប​អាច​ចូល​នៅ​បាន នៅ​ចុង​ខែមេសា​នេះ​»​។

លោក នូ សុ​ផា​នី អតិថិជនទិញផ្ទះនៅទីក្រុងរណបសិរីមង្គល

 

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Homes  ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ធំ​ជាងគេ​មួយ ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះគរ សង្កាត់​រការខ្ពស់​ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែល​មាន​ចំងាយ​ប្រមាណ​៧គីឡូម៉ែត​ពីង្វង់មូល​ក្រុង​តាខ្មៅ ។ គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៣ ហិ​កតា មាន​ចំនួន​ផ្ទះ​សរុប​ជាង ២.៤៥៧ ផ្ទះ ទុន​វិនិយោគ​សាងសង់ ប្រមាណ ៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប​សិរី​មង្គល​នេះ បាន​លក់​ផ្ទះ​អស់​ចំនួន ជាង ១​ពាន់​ផ្ទះ ស្មើនឹង ៥៥% នៃ​ចំនួន​ផ្ទះ​សរុប​។